សំបុត្រ​

 

​         សួស្តី​ប្រិយមិត្ត​អ្នកអាន​ជាទីគោរព​រាប់អាន​!
​ខ្ញុំបាទ​ឈ្មោះ អ៊ិន សុផាន់​ណា និង​ក្រុមការងារ​នៃ​ម​ជ្ឃ​មណ្ឌល​ព័ត៌មាន​ខ្មែរ​អប្សរា និង​គេហទំព័រ DNT News Asia បាន​វិល​មកជួប​ប្រិយមិត្ត​សារជាថ្មី​!
​ការវិលត្រឡប់​មកលើ​ក​នេះ គឺ​ចំ​ពេលដែល​ប្រទេស​យើង​ក៏​ដូច​ពិភពលោក​កើត​នូវ​វីរុស​កំណាច​អាសន្ន​មួយ (Covid-19) តែ​សូម​បន់ស្រន់​ឲ្យ​គ្រប់គ្នា​រួច​ផុតពី​គ្រោះ​ចង្រៃ​នេះ​។​
​ពិត​ហើយ ថ្វីត្បិតតែ​ប្រិយមិត្ត​មួយចំនួន​ស្គាល់​ខ្ញុំបាទ​រួចហើយ តែ​ក៏មាន​ប្រិយមិត្ត​ជាច្រើន​ពុំ​ស្គាល់​ខ្ញុំបាទ​នៅឡើយ​ទេ​។​

​  ជាថ្មី​ម្តងទៀត ខ្ញុំបាទ​សូម​ណែនាំ​ខ្លួន​សារជាថ្មី​ថា​ខ្ញុំបាទ​ជា​អ្នកណា​?
​ខ្ញុំបាទ​ឈ្មោះ អ៊ិន សុផាន់​ណា កើត​នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៦៦ សង្កាត់​លេខ​២ ក្រុងភ្នំពេញ សញ្ញាបត្រ​នីតិសាស្ត្រ​សាធារណៈ​(​ច្បាប់​) និង​បម្រើ​ការងារ​ក្នុង​អាជីព​សារព័ត៌មាន​តាំងពី​ឆ្នាំ ១៩៨៨​។ ពី​ឆ្នាំ ១៩៨៨ ដល់​ឆ្នាំ​១៩៩៨ គឺជា​មន្ត្រី​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា​នៃ​ក្រសួង​ព័ត៌មាន រាជរដ្ឋាភិបាល​កម្ពុជា​។ ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ ២០០២ ជា​និពន្ធ​នាយករង​ទស្សនា​វ​ដ្តី​ឥន្ទ្រ​ទេវី​។ ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៣ ធ្វើជា​និពន្ធ​នាយក​កាសែត​ខ្មែរ​មេគង្គ និង​មកដល់​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៥ និពន្ធ​នាយក​ទស្សនា​វ​ដ្តី​ឥន្ទ្រ​ទេវី​។ ក្នុង​អាជីព​សារព័ត៌មាន​ចន្លោះ​ពី​ឆ្នាំ ១៩៨៨ ដល់​ឆ្នាំ​១៩៩៥ បាន​សិក្សា​ជា​បន្តបន្ទាប់​នូវ​វគ្គ​ជំនាញ​សារព័ត៌មាន និង​និពន្ធ​គ្រប់គ្រង​កាសែត ទស្សនា​វ​ដ្តី វិទ្យុផ្សាយសំឡេង​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់​ដោយមាន​សាស្ត្រាចារ្យ​ជនជាតិ​អាល្លឺម៉ង់ វៀតណាម ថៃ ដា​ណឺ​ម៉ាក អាមេរិក និង​អូស្ត្រាលី​។ នៅ​ឆ្នាំ ២០១០ ជា​គណៈកម្មការ​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា​។ ក្នុង​ឆ្នាំ ២០០៣ មកដល់​បច្ចុប្បន្ន​ជា​នាយ​កម​ជ្ឃ​មណ្ឌល​ព័ត៌មាន​ខ្មែរ​អប្សរា និង ឌី អិន ធី ញូ​ស៍​អេ​ស៊ា​។​
​ក្រៅពី​បំរើកា​រងារ​សារព័ត៌មាន​ដូចខាងលើ ខ្ញុំបាទ​ក៏​កំពុង​ស្រាវជ្រាវ និង​ចងក្រង​សៀវភៅ​ជា​លក្ខណៈ​ទស្សនា​វ​ដ្តី​ក៏ដូចជា លក្ខណៈ​កំណត់ត្រា លក្ខណៈ​ព័ត៌មាន​ស្រាវជ្រាវ​និពន្ធ​ចងក្រង ប្រមូលផ្តុំ​ឯកសារ​ផ្សេងៗ​មួយចំនួនទៀត​ជាមួយ​ក្រុមការងារ ដើម្បី​ដាក់​ឲ្យ​ប្រិយមិត្ត​អាន​នៅលើ​គេហទំព័រ dntbookrecords.com ជា​បន្តទៀត​។

​ការវិលត្រឡប់​ជាថ្មី​លើក​នេះ ខ្ញុំបាទ​រួមជាមួយ​នឹង​ក្រុមការងារ ក៏បាន​រួមគំនិត​គ្នា​បន្ត​អាជីព​លើ​ផ្នែក​ព័ត៌មាន​បន្តទៀត​។ ការបន្ត​លើក​នេះ​គឺមាន​ការប្រែប្រួល​បន្តិច​ដោយ​រួមគ្នា​ប្រមូលផ្តុំ​ព័ត៌មាន ទិន្នន័យ​ឯកសារ​ផ្សេងៗ ដែល​ទាក់ទង​នឹង​ការស្រាវជ្រាវ​ឯកសារ​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ក្នុង​ការបង្ហាញ​ប្រិយមិត្ត​ទៅលើ​គេហទំព័រ​អន​ឡាញ​មួយ​ឈ្មោះថា www.dntbookrecords.com ដែលជា​គេហទំព័រ​បុត្រ​ស​ព័ន្ធ​របស់​គេហទំព័រ www.dntnewsasia.com

​គេហទំព័រ Dntbookrecords.com នេះ​បានធ្វើការ​ផ្សព្វផ្សាយ​ភាគច្រើន​ទៅលើ​អត្ថបទ ឯកសារ​ស្រាវជ្រាវ​លើ​ព័ត៌មាន ឬ​សៀវភៅ​ប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សង្គ្រាម នយោបាយ រឿងរ៉ាវ​អាថ៌កំបាំង ចំណេះដឹង​មនុស្ស​ល្បីៗ កំសាន្ត និង​ផ្សេងៗ​ទៀត​។
​ពិត​ហើយ​មាន​អត្ថបទ ឯកសារ​ខ្លះ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ ប្រវត្តិសាស្ត្រ​សង្គ្រាម​-​នយោបាយ ឬ​រឿងរ៉ាវ​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​ចំណុចរសើប​នៃ​ប្រទេស ឬ​ដំបៅ និង​ជំងឺ​ប្រវត្តិសាស្ត្រ ឬ​ផ្នែក​ដទៃទៀត​ទាំង​សម្រាប់​កម្ពុជា និង​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត​ក៏ដោយចុះ តែ Dntbookrecords ពុំមាន​ចេតនា​ក្នុង​ការបំរើ​នយោបាយ​សម្រាប់​ជាតិនិយម​ជ្រុល សម្រាប់​បក្ស ឬ​បុគ្គល​នយោបាយ ឬ​អ្នកទទួល​ប្រ​យោ​ជ​ន៏​ណាមួយ ដើម្បី​កេងចំណេញ​ពី​ការផ្សព្វផ្សាយ​នោះឡើយ​។
​គោលដៅ​ធំ​បំផុត​របស់ DNT Book Records គឺ​ផ្តល់នូវ​ចំណេះដឹង ពុទ្ធិ ការផ្តល់​ទិន្នន័យ សម្រាប់​ការប្រមូលផ្តុំ​រក្សាទុក​នូវ​ឯកសារ​ដល់ សិស្ស និស្សិត ឬ​អ្នក​ចង់​ឈ្វេងយល់​រឿងរ៉ាវ​ផ្សេងៗ ជាពិសេស​សម្រាប់​ក្មេងជំនាន់ក្រោយ​។

​ជាការ​ពិតណាស់ ឯកសារ អត្ថបទ ព័ត៌មាន ឬ​ទិន្នន័យ​ទាំងនេះ​វា​ពុំមែន​សុទ្ធតែ​ត្រឹមត្រូវ​ឥតខ្ចោះ​នោះទេ ហើយ​ពុំមែន​ជា​អាថ៌កំបាំង​អ្វី​នោះ​ខ្លាំង​ដែរ តែ​អាច​ចាត់ទុកជា​កន្លែង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ដែល​ធ្លាប់តែ​នៅ​រាយប៉ាយ​ឲ្យ​មក​ផ្តុំគ្នា​ងាយស្រួល​ក្នុង​ការរក ឬ​ជាឃ្លាំង​បណ្ណាល័យ​តូច​មួយ​សម្រាប់​បម្រើ​ខ្មែរ​យើង​ក្នុងន័យ​លើកតម្កើង​អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ ចំណេះដឹង ដែល​ខ្មែរ​យើង​ធ្លាប់មាន​ភាពរុងរឿង​ឲ្យ​វិល​មក​ប្រមូលផ្តុំ​ព្រលឹង​ជាតិ​ឡើងវិញ​។​
​ក្រុមការងារ​យើងខ្ញុំ​ពុំមែន​ជា​អ្នក​ប្រវត្តិវិទូ ប៉ុន្តែ​ជា​ក្រុម​ព័ត៌មាន​ដែល​ព្យាយាម​ស្រាវជ្រាវ​តាម​លទ្ធភាព សមត្ថភាព​ដែលមាន​តិចតួច និង​តាម​ដែល​អាចធ្វើ​ទៅបាន​។
​សូម​ប្រិយមិត្ត​ជួយ​គាំទ្រ និង​ជួយ​រិះគន់​ក្នុងន័យ​ស្ថាបនា ក៏​ដូច​ជួយ​ផ្តល់ព័ត៌មាន ឯកសារ​ផ្សេងៗ​ទាំំ​ង​ចាស់​និង​ថ្មី​មកកាន់​ក្រុមការងារ​យើងខ្ញុំ​។​
​សូម​ប្រសិទ្ធ​ពរជ័យ​ជូន​ដល់​ប្រិយមិត្ត​ទាំងអស់​ឲ្យ​បាន​ក្តី​សុខ​ជៀស​ផុតពី​
​វីរុស Covid-19​គ្រប់ៗ​គ្នា និង​រកស៊ី​មានបាន​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​!

​ពី​ម​ជ្ឃ​មណ្ឌល​ខ្មែរ​អប្សរា និង​ឌី អិន ធី​ញូ​ស៍​អេ​ស៊ា​
នាយក​ការផ្សាយ​
អ៊ិន សុផាន់​ណា​